Thursday, September 29, 2016

ការបោះបាយបិណ្ឌ


នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។
ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិនអាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយជាការធ្វើមិនគោរពទានជាដើម។អ្នកដែលជឿថា បោះបាយបិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ។
ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេល យប់។ វិញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។ វិញាណអ្នកទាំងនោះគឺមានទំរង់ធំហើយខ្ពស់ដែលពួកគេ អាចបោះជំហាននៅលើប្រាសាទបាន។ ទោះជាយ៉ាងណាពួកគេមិនហានធ្វើដូច្នេះទេដោយខ្លាចថាពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះនឹងទៅគ្រប់៧វត្តដើម្បីរកមើលសាច់ញាត្តិនិងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។

No comments:

Post a Comment